O f f i c i a l   W e b s i t e
ព្រះរាជពិធីឧទ្ទិសព្រះកុសលថ្វាយព្រះវិញ្ញាណក័្ខន្ធព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្តារា
2015-02-22
នៅវេលាព្រឹកថ្ងៃអាទិត្យ ថ្ងៃ ៥កើត ខែ ផល្គុន ឆ្នាំ មមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹង ថ្ងៃទី ២២ ខែ កុម្ភ: ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ​ឧទ្ទិសព្រះកុសល​ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្តារា ទីប្រឹក្សា អមព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងត្រូវជា ព្រះភាគិនេយ្យ(ក្មួយ)របស់ព្រះអង្គ ដែលបានសុគត កាលពីរាត្រីថ្ងៃទី ២០ ខែ កុម្ភ:​ ឆ្នាំ ២០១៥ វេលាម៉ោង ១៩​និង៣០​នាទី ក្នុងព្រះជន្មាយុ​៥៦ព្រះវស្សា ដោយព្រះរោគា​ពាធ​។  យាង និងអញ្ជើញចូលរួមដង្ហែ ព្រះរាជសកម្មភាពព្រះករុណា ជាអម្ចាស់ជិវិតតម្កល់លើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏គ្រៀមក្រំនោះមាន សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងមន្រ្តីព្រះបរមរាជវាំង ព្រមទាំងព្រះញាតិ ជិត​ឆ្ងាយនៃព្រះសព។
Visitor: 14536227
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.