ពិធីបិទទិវាបុណ្យឯករាជ្យជាតិខួបទី៦០
2013-11-11
ទិវាបុណ្យឯករាជ្យជាតិខួបទី៦០ខួបអនុស្សាវរីយ៍លើកទី ៦០ ៩វិច្ឆិកា ២០១៣ បានដំណើរការប្រកបដោយ ជោគជ័យដ៏ត្រចះត្រចង់ ឈានចូលដល់វេលាល្ងាច ថ្ងៃទី ៣ គឺថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០១៣ ជាថ្ងៃបិទទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍ទី៦០។ នៅក្នុងឱកាសដ៏ វិសេសវិសាល នោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទឱកាសបុណ្យជាតិដ៏មហោឡាឬក្សនេះនៅ
ឯវិមានឯករាជ្យ។
ព្រះវត្តមាន និងវត្តមាននែថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ យាង និង អញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឧកាសដ៏មហានក្ខត្តឬក្សនេះ មានជាអាទិ៍: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សា ព្រះមហាក្សត្រ សម្តេចរាជបុត្រី ព្រះអាណុជ នរោត្តម អារុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ជាតំណាង សមេ្តច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ឯកឧត្តម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម លោកជំទាវជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល មន្រ្តីរាជការគ្រប់ស្ថាប័ន ប្រជារាស្រ្ត កងកំលាំងប្រដាប់អាវុធគ្រុប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបណ្តាអង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2013
ពិធីបិទទិវាបុណ្យឯករាជ្យជាតិខួបទី៦០